ទៅកើតក្នុងកំណើតតិរច្ឆានខ្លះ ទៅកើតក្នុងបិត្តិវិស័យខ្លះ។ ចំណែកសាវក របស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងភពនោះ ដរាបដល់អស់អាយុ គឺកំណត់អស់អាយុទាំងអស់ ដែលជាប្រមាណអាយុ នៃពួកទេវតាទាំងនោះ ហើយក៏បរិនិព្វាន ក្នុងភពនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្ដីប្លែក នេះជាសេចក្ដីអធិប្បាយ នេះជាអំពើផ្សេងៗ គ្នា នៃអរិយសាវក អ្នកចេះដឹង និងបុថុជ្ជនអ្នកមិនចេះដឹង កាលបើគតិភព និងឧបបត្តិភពមាននៅឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកមួយ ក្នុងលោកនេះ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា អ្វីតិចតួចមិនមានដូច្នេះ។ បុគ្គលនោះ ត្រេកអរនឹងឈាននោះ ប្រាថ្នាឈាននោះ ដល់នូវសេចក្ដីត្រេកអរ ដោយឈាននោះ ឋិតនៅក្នុងឈាននោះ សម្រាកនៅក្នុងឈាននោះ សម្រេចសម្រាន្តនៅដោយច្រើន ក្នុងឈាននោះ មិនសាបសូន្យ (ចាកឈាននោះ) កាលធ្វើមរណកាលទៅ រមែងទៅកើតជាមួយនឹងពួកទេវតា ដែលកើតក្នុងជាន់អាកិញ្ចញ្ញាយតនៈ។ ម្នាលភិក្ខុទាំងឡាយ ប្រមាណអាយុនៃពួកទេវតា ដែលកើតក្នុងជាន់អាកិញ្ចញ្ញាយតនៈ កំណត់ប្រាំមួយហ្មឺនកប្ប (៦០០០០កប្ប)។