[១២០] ម្នាលភិក្ខុទាំងឡាយ វិបត្តិនេះ មាន៣យ៉ាង។ វិបត្តិ ៣យ៉ាងដូចម្ដេចខ្លះ។ គឺ សីលវិបត្តិ ១ ចិត្តវិបត្តិ ១ ទិដ្ឋិវិបត្តិ ១។ ម្នាលភិក្ខុទាំងឡាយ ចុះសីលវិបត្តិ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ។ បេ។ ពោលពាក្យឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សីលវិបត្តិ។ ម្នាលភិក្ខុទាំងឡាយ ចុះចិត្តវិបត្តិ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ច្រើនដោយអភិជ្ឈា មានចិត្តប្រកបដោយព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តវិបត្តិ។ ម្នាលភិក្ខុទាំងឡាយ ចុះទិដ្ឋិវិបត្តិ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាមិច្ឆាទិដ្ឋិ មានសេចក្ដីយល់វិបរិតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។ បេ។ ពួកសមណព្រាហ្មណ៍ ធ្វើឲ្យជាក់ច្បាស់ នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ហើយប្រកាសក្នុងលោក ក៏មិនមាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទដ្ឋិវិបត្តិ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែសីលវិបត្តិ បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ក៏មាន