គហបតី ឬគហបតិបុត្រនេះ និមន្តអញឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង។ ភិក្ខុនោះ ក៏គិតយ៉ាងនេះទៀតថា ធ្វើម្ដេចហ្ន៎ នឹងបានគហបតី ឬគហបតិបុត្រនេះ និមន្តអញ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ មានទំនងយ៉ាងនេះ ដោយដៃខ្លួនឯង តទៅទៀតអេះ។ ភិក្ខុនោះ មានចិត្តផ្ដេកផ្ដួល ជ្រុលជ្រប់ ល្មោភ ជាអ្នកមិនឃើញទោស មិនមានបញ្ញាជាគ្រឿងរលាស់ខ្លួនចេញ បរិភោគនូវបិណ្ឌបាតនោះ។ ភិក្ខុនោះ រមែងត្រិះរិះ នូវកាមវិតក្កៈផង ត្រិះរិះនូវព្យាបាទវិតក្កៈផង ត្រិះរិះនូវវិហឹសាវិតក្កៈផង ក្នុងបិណ្ឌបាតនោះ។ ម្នាលភិក្ខុទាំងឡាយ ទានដែលទាយកឲ្យហើយ ដល់ភិក្ខុមានសភាពយ៉ាងនេះ តថាគតមិនហៅថា ជាទានមានផលច្រើនទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុមានសេចក្ដីប្រមាទ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ចូលទៅនៅអាស្រ័យនឹងស្រុក ឬនិគមណាមួយ។ ឯគហបតិ ឬគហបតិបុត្រ ចូលទៅរកភិក្ខុនោះ និមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក