គឺនេក្ខម្មវិតក្កៈ ១ អព្យាបាទវិតក្កៈ ១ អវិហឹសាវិតក្កៈ ១។ ភិក្ខុទាំងនោះ លះបង់ធម៌៣ យ៉ាងនេះឯង។ ចុះភិក្ខុទាំងនោះ បានធ្វើរឿយៗ នូវធម៌៣យ៉ាង គឺអ្វីខ្លះ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១។ ភិក្ខុទាំងនោះ បានធ្វើរឿយៗ នូវធម៌៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងទិសណា ភិក្ខុទាំងឡាយបង្កហេតុ បង្កជម្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នាទៅវិញទៅមក ដោយលំពែង គឺមាត់ ម្នាលភិក្ខុទាំងឡាយ ទិសនេះ មិនជាទីសប្បាយ ដល់តថាគតដើម្បីធ្វើទុកក្នុងចិត្តទេ មិនចាំបាច់និយាយដល់ការដើរទៅឡើយ តថាគតចូលចិត្តក្នុងការណ៍នោះថា អ្នកដ៏មានអាយុទាំងនោះ បានលះបង់ នូវធម៌៣យ៉ាងនេះឯង បានធ្វើឲ្យរឿយៗ នូវធម៌៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងទិសណា ភិក្ខុទាំងឡាយ ព្រមព្រៀងគ្នា រីករាយនឹងគ្នា មិនទាស់ទែងគ្នា ដូចទឹកដោះស្រស់ លាយដោយទឹក មើលគ្នាត្រង់ ដោយចក្ខុជាទីស្រឡាញ់ ម្នាលភិក្ខុទាំងឡាយ ទិសនុ៎ះ ជាទីសប្បាយ ដល់តថាគតដើម្បីដើរទៅ មិនបាច់និយាយ ដល់ការធ្វើទុកក្នុងចិត្តឡើយ តថាគតចូលចិត្តក្នុងការណ៍នោះថា អ្នកដ៏មានអាយុទាំងនោះ បានលះបង់ នូវធម៌៣ យ៉ាង បានធ្វើឲ្យរឿយៗ នូវធម៌៣យ៉ាង ដោយពិតប្រាកដ។ អ្នកដ៏មានអាយុទាំងនោះ បានលះបង់ធម៌ ៣យ៉ាង គឺអ្វីខ្លះ។