[១២៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចទៅកាន់ចារិកក្នុងកោសលជនបទ ក៏ស្ដេចទៅដល់ក្រុងកបិលព័ស្តុ។ មហានាមសក្យរាជ បានជ្រាបថា ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចមកដល់ក្រុងកបិលព័ស្តុហើយ។ លំដាប់នោះ មហានាមសក្យរាជ សេ្ដចចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចប្រថាប់ក្នុងទីសមគួរ។ លុះមហានាមសក្យរាជ ប្រថាប់ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បពិត្រមហានាម សូមទ្រង់ស្ដេចទៅពិនិត្យមើលលំនៅ ក្នុងក្រុងកបិលព័ស្តុ ដែលជាទីគួរតថាគតនៅ អស់មួយយប់ ក្នុងថ្ងៃនេះ។ មហានាមសក្យរាជ ទទួលព្រះតម្រាស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយស្ដេចយាងក្រឡឹងមើលក្រុងកបិលព័ស្តុទាំងមូល ក៏មិនបានឃើញលំនៅ ក្នុងក្រុងកបិលព័ស្តុ ដែលជាទីគួរព្រះដ៏មានព្រះភាគ គង់នៅអស់មួយយប់បាន។ វេលានោះ មហានាមសក្យរាជ ទ្រង់ស្ដេចត្រឡប់ចូលមកគាល់ព្រះដ៏មានព្រះភាគវិញ លុះចូលមកដល់ហើយបានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន លំនៅក្នុងក្រុងកបិលព័ស្តុ ដែលជាទីគួរព្រះអង្គគង់នៅ អស់មួយយប់ ក្នុងថ្ងៃនេះ មិនមានទេ