ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាលអាវុសោ បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាលអាវុសោ បណ្ដាលបុគ្គល៣ពួកនេះ បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គលទាំង៣ ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង រមែងគាប់ចិត្តខ្ញុំ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសា ដ្បិតថា បញ្ញិន្រ្ទិយរបស់បុគ្គលនេះ មានប្រមាណច្រើនក្រៃពេក។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ បានពោលនឹងព្រះសវិដ្ឋៈដ៏មានអាយុផង និងព្រះមហាកោដ្ឋិតៈដ៏មានអាយុផង ដូច្នេះថា ម្នាលអាវុសោ បដិភាណ ( ប្រាជ្ញាវាងវៃ ) ដែលយើងទាំងអស់គ្នា ព្យាករទៅតាមអធ្យាស្រ័យរបស់ខ្លួន ម្នាលអាវុសោ មក ពួកយើងនឹងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូលសួរសេចក្ដីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹងទ្រង់ព្យាករ ដល់យើងយ៉ាងណា យើងនឹងចាំសេចក្ដីនោះ ទុកយ៉ាងនោះ។ ព្រះសវិដ្ឋៈដ៏មានអាយុ និងព្រះមហាកោដ្ឋិតៈដ៏មានអាយុ ទទួលស្ដាប់ពាក្យព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ។