ទឹកដោះថ្លា ឬប្រេង ដែលគេចាក់ស្រោច ទៅក្នុងដីខ្សាច់ រមែងជ្រួតជ្រាប លិចចុះបាត់ទៅ មិនដក់នៅ យ៉ាងណាមិញ ហត្ថកទេវបុត្រ គិតថា អញនឹងឈរ ក្នុងទីចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគ ដូច្នេះ ហើយត្រឡប់អង្គុយស្រពាប អង្គុយរាបវិញ មិនអាចឈរនៅបាន ក៏យ៉ាងនោះឯង។ វេលានោះ ព្រះដ៏មានព្រះភាគ ត្រាស់បង្គាប់ហត្ថកទេវបុត្រ ដូច្នេះថា ម្នាលហត្ថកៈ អ្នកចូរនិមិត្ត នូវអត្តភាពឲ្យធំសំបើម។ ហត្ថកទេវបុត្រ បានទទួលព្រះតម្រាស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ដូច្នេះហើយ និមិត្តអត្តភាព ឲ្យធំសំបើម ថ្វាយបង្គំព្រះមានព្រះភាគ រួចឈរក្នុងទីដ៏សមគួរ។ លុះហត្ថកទេវបុត្រ ឈរក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ត្រាស់សួរដូច្នេះថា ម្នាលហត្ថកៈ ធម៌ណា ដែលអ្នកកាលកើតជាមនុស្ស ក្នុងភពមុន បានប្រព្រឹត្តហើយ តើធម៌ទាំងនោះ អ្នកបានប្រព្រឹត្ត ក្នុងកាលឥឡូវនេះដែរឬទេ។ ហត្ថកទេវបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ណា ដែលខ្ញុំព្រះអង្គកាលកើតជាមនុស្ស ក្នុងភពមុន បានប្រព្រឹត្តហើយ ធម៌ទាំងនោះ ខ្ញុំព្រះអង្គ បានប្រព្រឹត្ត ក្នុងកាលឥឡូវនេះដែរ បពិត្រព្រះអង្គដ៏ចំរើន ធម៌ណា ដែលខ្ញុំព្រះអង្គ កាលកើតជាមនុស្ស ក្នុងភពមុន