ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ភិក្ខុនោះ លុះតថាគតទូន្មានដោយឱវាទនេះហើយ ក៏ដល់នូវសេចក្ដីសំវេគ។ កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីហ្ន៎ជារបស់ស្អុយ អ្វីជារបស់មានក្លិនឆ្អេះឆ្អាប អ្វីជារុយ។ ម្នាលភិក្ខុ អភិជ្ឈា ជារបស់ស្អុយ ព្យាបាទជារបស់មានក្លិនឆ្អេះឆ្អាប អកុសលវិតក្កៈ ដ៏លាមក ជាតួរុយ។ ម្នាលភិក្ខុ ពួករុយនឹងមិនចោមហើរតាម នឹងមិនតាមចោមស៊ី នូវខ្លួនដែលធ្វើឲ្យស្អុយ ដែលប្រឡាក់វត្ថុមានក្លិនឆ្អេះឆ្អាបនោះ ហេតុនុ៎ះ មិនមានទេ។
ពួករុយ គឺសេចក្ដីត្រិះរិះ ដែលអាស្រ័យនូវរាគៈ នឹងតាមរោមនូវបុគ្គលដែលមិនគ្រប់គ្រងក្នុងចក្ខុទ្វារ និងសោតទ្វារ មិនសង្រួមក្នុងឥន្រ្ទិយ។ ភិក្ខុដែលធ្វើខ្លួនឲ្យស្អុយ ប្រឡាក់វត្ថុមានក្លិនឆ្អេះឆ្អាប ជាអ្នកឆ្ងាយអំពីព្រះនិព្វាន មានចំណែកនៃសេចក្ដីចង្អៀតចង្អល់ចិត្តតែម្យ៉ាង។