បុគ្គលពាល អប្បឥតប្រាជ្ញា ដែលពួករុយ តាមរោម (នោះ) មិនបានប្រព្រឹត្តនូវធម៌ ដ៏ស្មោះស្មើដើម្បីខ្លួន ក្នុងស្រុក ឬក្នុងព្រៃឡើយ។ ចំណែកខាងជនណា បរិបូណ៌ដោយសីល និងបញ្ញា ត្រេកអរក្នុងធម៌ ជាគ្រឿងរម្ងាប់នូវកិលេស ជាអ្នកស្ងប់ស្ងាត់ ជននោះ រមែងដេកជាសុខ ទាំងពួករុយ ក៏មិនបានហើរតាមស៊ីជននោះឡើយ។
[១៣១] គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអនុរុទ្ធដ៏មានអាយុ គង់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុ ជារបស់មនុស្សធម្មតា ឃើញមាតុគ្រាម ដែលបែកធ្លាយរាងកាយ ស្លាប់ទៅ ច្រើនតែទៅកើត ឯអបាយ ទុគ្គតិ វិនិបាត នរក។