ម្នាលភិក្ខុទាំងឡាយ ចុះបុរសរាបសា ជាអ្នកបរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង តែមិនបរិបូណ៌ដោយកំពស់ និងមាឌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាឱបបាតិកៈកំណើត (កើតក្នុងសុទ្ធាវាស) បរិនិព្វានក្នុងសុទ្ធាវាសនោះ មានសភាពមិនត្រឡប់ចាកលោកនោះមកវិញឡើយ ព្រោះអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ៥។ តថាគតហៅថា នេះជាល្បឿន របស់ភិក្ខុនោះ។ ភិក្ខុនោះ បើត្រូវគេសាកសួរប្រស្នា ក្នុងអភិធម្ម ក្នុងអភិវិន័យ រមែងដោះស្រាយរួច មិនស្ងៀមស្ងាត់។ តថាគតហៅថា នេះជាសម្បុររបស់ភិក្ខុនោះ។ តែភិក្ខុនោះឯង ជាអ្នកឆ្នែងលាភ ចំពោះចីវរ បណ្ឌិបាត សេនាសនៈ និងបរិក្ខារ គឺថ្នាំ ជាបច្ច័យដល់អ្នកជម្ងឺ។ តថាគតហៅថា នេះមិនមែនជាកំពស់ និងមាឌ របស់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ បុរសរាបសា ជាអ្នកបរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង តែទាស់មិនបរិបូណ៌ដោយកំពស់ និងមាឌ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសរាបសា ជាអ្នកបរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ដោយកំពស់ និងមាឌផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាឱបបាតិកៈកំណើត (កើតក្នុងសុទ្ធាវាស) បរិនិព្វានក្នុងសុទ្ធាវាសនោះ មានសភាពមិនត្រឡប់ចាកលោកនោះមកវិញឡើយ ព្រោះអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ៥។