ប្រកបដោយធម៌ ៣ យ៉ាង គឺអ្វីខ្លះ។ គឺប្រកបដោយសម្មាទិដ្ឋិ ( ការយល់ប្រពៃ ) ១ សម្មាញាណ ( ការដឹងប្រពៃ ) ១ សម្មាវិមុត្តិ ( ការរួចចាកកិលេស ដោយប្រពៃ ) ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាងនេះឯង ឈ្មោះថា ជាអ្នកមានសេចក្តីចូលចិត្តដាច់ស្រេច មានសេចក្តីក្សេម ចាកយោគៈដាច់ស្រេច មានព្រហ្មចរិយៈដាច់ស្រេច មានទីបំផុតដាច់ស្រេច ជាអ្នកប្រសើរបំផុត ជាងទេវតា និងមនុស្សទាំងឡាយ។
ចប់ យោធាជីវវគ្គ ទី៤។
ឧទ្ទាននៃយោធាជីវវគ្គនោះគឺ
និយាយអំពីយោធាជីវៈ ១ អំពីបរិស័ទ្យ ១ អំពីមិត្ត ១ អំពីព្រះតថាគតកើតឡើង ១ អំពីសំពត់កម្តល ដែលត្បាញដោយសក់មនុស្ស ១ អំពីសម្បទា មានសទ្ធាជាដើម ១ អំពីវុឌ្ឍិ ១ អំពីសេះ មាន៣លើក ១ អំពីព្រះដ៏មានបុណ្យនៅក្នុងបរិព្វាជការាម ជាមោរនិវាបស្ថាន មាន៣លើក ១។