ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយណា ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ក្នុងមជ្ឈន្តិកសម័យ ម្នាលភិក្ខុទាំងឡាយ សត្វទាំងនោះ ឈ្មោះថា មានមជ្ឈន្តិកសម័យដ៏ល្អ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយណា ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ក្នុងសាយណ្ហសម័យ ម្នាលភិក្ខុទាំងឡាយ សត្វទាំងនោះ ឈ្មោះថា មានសាយណ្ហសម័យដ៏ល្អ។
ពេលណាដែលសត្វទាំងឡាយ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត ពេលនោះឈ្មោះថា នក្ខត្តឫក្សល្អ មង្គលល្អ ពេលភ្លឺស្វាងល្អ ពេលនៃអរុណរះឡើងល្អ ខណៈល្អ យាមល្អ (ទានដែលបុគ្គលបូជា) ដល់ព្រហ្មចារីបុគ្គលទាំងឡាយ (ក្នុងពេលនោះ) ឈ្មោះថាជាគ្រឿងបូជាល្អ (ក្នុងថ្ងៃនោះ) កាយកម្មឈ្មោះថា នាំឲ្យមានសេចក្តីចំរើន វចីកម្ម ក៏ឈ្មោះថា នាំឲ្យមានសេចក្តីចំរើន មនោកម្ម ក៏ឈ្មោះថា នាំឲ្យមានសេចក្តីចំរើន សេចក្តីប្រាថ្នាទាំងឡាយ របស់អ្នកទាំងនោះ ក៏ឈ្មោះថា នាំឲ្យមានសេចក្តីចំរើន បុគ្គលដែលបានធ្វើនូវកាយកម្ម វចីកម្ម មនោកម្ម គួរដល់សេចក្តីចំរើនហើយ រមែងបាននូវប្រយោជន៍ ដ៏ចំរើនទាំងឡាយ។