មជ្ឈិមប្បដិបទា ១។ ម្នាលភិក្ខុទាំងឡាយ ចុះអាគាឡ្ហប្បដិបទា ដូចម្តេច។ បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាគាឡ្ហប្បដិបទា។ ម្នាលភិក្ខុទាំងឡាយ ចុះនិជ្ឈាមប្បដិបទា តើដូចម្តេច។ បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា និជ្ឈាមប្បដិបទា។ ម្នាលភិក្ខុទាំងឡាយ ចុះមជ្ឈិមប្បដិបទា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទះឲ្យកើត ព្យាយាម ប្រារព្ធសេចក្តីព្យាយាម ផ្គងដំកល់ចិត្តទុក ដើម្បីញុំាងអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង បណ្តុះឆន្ទះឲ្យកើត ព្យាយាម ប្រារព្ធសេចក្តីព្យាយាម ផ្គងដំកល់ចិត្តទុក ដើម្បីលះបង់អកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ បណ្តុះឆន្ទះឲ្យកើត ព្យាយាម ប្រារព្ធសេចក្តីព្យាយាម ផ្គងដំកល់ចិត្តទុក ដើម្បីញុំាងកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង បណ្តុះឆន្ទះឲ្យកើតឡើង ព្យាយាម ប្រារព្ធសេចក្តីព្យាយាម ផ្គងកំដល់ចិត្តទុក ដើម្បីឋិតថេរ ដើម្បីមិនវិនាស ដើម្បី លូតលាស់ ដើម្បីធំទូលាយ ដើម្បីចំរើនឡើង ដើម្បីបរិបូណ៌ នៃកុសលធម៌ ដែលកើតឡើងហើយ… ចំរើនឥទ្ធិបាទ ដែលប្រកបដោយឆន្ទះសមាធិ និងបធានសង្ខារ