រាគបេយ្យាល
[១៦១] ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៣ យ៉ាង ដូចម្តេច។ គឺ សុញ្ញតសមាធិ ១ អនិមិត្តសមាធិ ១ អប្បណិហិតសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះឯង បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់ នូវរាគៈ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលគប្បីចំរើន ដើម្បីកំណត់ដឹង។ បេ។ ដើម្បីអស់រលីង ដើម្បីលះបង់ ដើម្បីអស់ទៅ ដើម្បីសូន្យទៅ ដើម្បីវិនាស ដើម្បីរលត់ ដើម្បីផ្តាច់បង់ ដើម្បីរលាស់ចោល នូវរាគៈ។ ធម៌ ៣ យ៉ាងនេះ បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់រលីង ដើម្បីលះបង់ ដើម្បីអស់ទៅ ដើម្បីសូន្យទៅ ដើម្បីវិនាស ដើម្បីរលត់ ដើម្បីផ្តាច់បង់ ដើម្បីរលាស់ចោល នូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ មទៈ បមាទៈ។
ចប់ ពួកសូត្រដែលមិនសង្គ្រោះក្នុងបណ្ណាសក។