ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសំដីស្អុយ ដូចលាមក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់សភា (ទីប្រជុំ) ក្ដី ទៅក្នុងបរិសទ្យក្ដី ទៅក្នុងកណ្ដាលញាតិក្ដី ទៅក្នុងកណ្ដាលពួកសេនាក្ដី ទៅក្នុងកណ្ដាលរាជត្រកូលក្ដី ដែលគេនាំទៅធ្វើជាសាក្សី ហើយសួរថា ម្នាលបុរសដ៏ចំរើន អ្នកចូលមកនេះ អ្នកដឹងហេតុណា ចូរនិយាយហេតុនោះ។ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំដឹងក្ដី កាលដឹង និយាយថា ខ្ញុំមិនដឹងក្ដី កាលមិនឃើញ និយាយថា ខ្ញុំឃើញក្ដី កាលឃើញ និយាយថា ខ្ញុំមិនឃើញក្ដី ជាអ្នកពោលពាក្យកុហក ដោយដឹងខ្លួន ព្រោះហេតុតែខ្លួនក្ដី ព្រោះហេតុអ្នកដទៃក្ដី ព្រោះហេតុសំណូកបន្តិចបន្តួចក្ដី ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសំដីស្អុយ ដូចលាមក។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសំដីក្រអូបដូចផ្កា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់សភា (ទីប្រជុំ) ក្ដី ទៅក្នុងបរិសទ្យក្ដី ទៅក្នុងកណ្ដាលញាតិក្ដី ទៅក្នុងកណ្ដាលពួកសេនាក្ដី ទៅក្នុងកណ្ដាលរាជត្រកូលក្ដី ដែលគេនាំទៅធ្វើជាសាក្សី ហើយសួរថា ម្នាលបុរសដ៏ចំរើន