ពួក​ជន​ណា​ ​ដេក​ស្រួល​ក្នុង​លោក​ ​បណ្ដាជន​ទាំងនោះ​ ​តថាគត​ ​ក៏​ជា​អ្នក​សិង​ស្រួល​មួយ​នឹងគេ​ដែរ​។​ ​ម្នាល​កុមារ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​សួរ​អ្នក​ ​ក្នុង​ដំណើរ​នុ៎ះ​ ​ថាបើ​អ្នក​គាប់ចិត្ត​យ៉ាងណា​ ​គប្បី​ព្យាករ​ ​នូវ​ដំណើរ​នោះ​ ​យ៉ាងនោះ​ចុះ​។​ ​ម្នាល​កុមារ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្ដេច​ ​គហបតី​ ​ឬ​គហបតិ​បុត្រ​ ​ក្នុង​លោក​នេះ​ ​មានផ្ទះ​កំពូល​ ​បូក​លាប​ខាងក្នុង​ ​ទាំង​បូក​លាប​ខាងក្រៅ​ ​ខ្យល់​ចូល​មិន​រួច​ ​មាន​ទ្វារ​ដ៏​ជិត​ ​មាន​បង្អួច​បិទ​ជិត​ ​ក្នុង​ផ្ទះ​នោះ​ ​មាន​បល្ល័ង្ក​ក្រាល​ដោយ​កម្រាល​គោណ​កៈ​ ​ក្រាល​ដោយ​កម្រាល​បដិកៈ​ ​ក្រាល​ដោយ​ក​ម្រា​លប​ដ​លិ​កៈ​ ​មាន​កម្រាល​ដ៏​ប្រសើរ​ ​ជា​វិការ​នៃ​ស្បែក​ឈ្មុស​(​១​)​ ​មាន​ខ្នើយ​ក្រហម​ទាំងពីរ​ខាង​ ​ព្រមទាំង​ពិតាន​ក្រហម​ ​ទាំង​ប្រទីប​ប្រេង​ ​ក៏​ឆេះ​ភ្លឺ​ក្នុង​ផ្ទះ​នោះ​ ​មាន​ប្រពន្ធ៤នាក់​ ​នៅ​ផ្គត់ផ្គង់​បម្រើ​ ​ដោយ​សេចក្ដី​គាប់ចិត្ត​។​ ​ម្នាល​កុមារ​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្ដេច​ ​បុគ្គល​នោះ​ ​គួរ​ដេក​ជា​សុខ​ ​ឬទេ​ ​ឬ​អ្នកមាន​សេចក្ដីយល់​ ​ក្នុង​ដំណើរ​នុ៎ះ​ ​ដូចម្ដេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​នោះ​ ​គួរ​ដេក​ជា​សុខ​ ​ពួក​ជន​ណា​ ​ដេក​ជា​សុខ​ ​ក្នុង​លោក​ ​បណ្ដាជន​ទាំងនោះ​ ​អ្នកនោះ​ ​ជា​អ្នក​ដេក​ជា​សុខ​មួយ​នឹងគេ​ដែរ​។​
​(​១​)​ ​ឈ្មោះ​កម្រាល​ទាំងអស់​នេះ​ ​បាន​ប្រែ​ក្នុង​សៀវភៅ​ ​ទី១៤​ ​ទំព័រ​ ​១៦​ ​រួចហើយ​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់