មោហៈនោះ តថាគត លះបង់ហើយ បានផ្ដាច់ផ្ដិលឫសគល់ហើយ ធ្វើមិនឲ្យកើតទៀត ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យមានទីកើតតទៅទៀត ជាធម្មតា ហេតុនោះ ទើបតថាគត បានសិងជាសុខ។
អ្នកណាមានបាបបន្សាត់ចោល រំលត់ទុក្ខហើយ រមែងដេកជាសុខសព្វកាល បុគ្គលណា មិនជាប់ជំពាក់ ក្នុងកាមទាំងឡាយ មានសេចក្ដីត្រជាក់ មិនមានឧបធិក្កិលេស បានផ្ដាច់បង់ នូវតណ្ហាទាំងអស់ បន្ទោបង់ នូវសេចក្ដីក្រវល់ក្រវាយ ក្នុងហឫទ័យ បុគ្គលស្ងប់ រមែងដេកជាសុខ ដល់នូវការស្ងប់ នៃចិត្តបាន។