រថការវគ្គ
[១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកេរ្ដិ៍ឈ្មោះ ប្រកបដោយធម៌ ៣យ៉ាងជាអ្នកប្រតិបត្តិ ដើម្បីមិនជាគុណ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីជាទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌៣ យ៉ាង តើដូចម្ដេច។ គឺភិក្ខុបបួលអ្នកផងក្នុងកាយកម្ម ដែលមិនសមគួរ ១ បបួលក្នុងវចីកម្ម ដែលមិនសមគួរ ១ បបួលក្នុងធម៌ទាំងឡាយ(១) ដែលមិនសមគួរ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកេរ្ដិ៍ឈ្មោះ ប្រកបដោយធម៌៣ នេះឯង រមែងប្រតិបត្តិ ដើម្បីមិនជាគុណ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីជាទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកេរ្តិ៍ឈ្មោះ ប្រកបដោយធម៌ ៣យ៉ាង ជាអ្នកប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺភិក្ខុបបួលអ្នកផង ក្នុងកាយកម្ម ដែលសមគួរ ១ បបួលក្នុងវចីកម្ម ដែលសមគួរ ១ បបួលក្នុងធម៌ទាំងឡាយ ដែលសមគួរ ១។
(១) សំដៅយកមនោកម្ម។ (អដ្ឋកថា)។