តថាគតមិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលរោហិតស្សទេវបុត្ត ពោលយ៉ាងនេះហើយ តថាគត បានពោលទៅនឹងរោហិតស្សទេវបុត្តថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបាន ពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលអាវុសោ មួយទៀត បើតថាគត មិនបានដល់នូវទីបំផុត នៃសង្ខារលោកហើយ ក៏មិនបានពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខឡើយ ។ ម្នាលអាវុសោ មួយទៀត តថាគត តែងបញ្ញត្តនូវលោកផង លោកសមុទយៈផង លោកនិរោធផង លោកនិរោធគាមិនីបដិបទាផង ក្នុងអត្តភាពប្រមាណ ១ ព្យាមនេះឯង ដែលប្រកបដោយសញ្ញាផង ប្រកបដោយចិត្តផង។
ទីបំផុតនៃលោក បុគ្គលមិនគប្បីដល់ ដោយការដើរទៅ (ដោយជើង) ក្នុងកាលណាម្តងឡើយ មួយទៀត ការមិនទាន់ដល់ នូវទីបំផុតនៃលោក ឈ្មោះថា មិនបានរួចចាកទុក្ខឡើយ។