លុះព្រះពុទ្ធទាំងឡាយ ទ្រង់កើតឡើង ក្នុងលោកវេលាណា ក៏ទ្រង់ធ្វើនូវពន្លឺ។ ព្រះពុទ្ធទាំងនោះ ទ្រង់សំដែងនូវព្រះធម៌ គឺសច្ចៈ ៤ នេះ ដែលជាធម៌ប្រព្រឹត្តទៅកាន់ទីរំលត់ទុក្ខ ពួកសត្វ ដែលប្រកបដោយប្រាជ្ញា លុះបានស្តាប់ព្រះធម៌ របស់ព្រះពុទ្ធទាំងនោះហើយ ក៏ត្រឡប់ងាកចិត្តរបស់ខ្លួន បានឃើញនូវរបស់ ដែលមិនទៀងថា មិនទៀង ឃើញនូវរបស់ដែលជាទុក្ខ ថាជាទុក្ខ បានឃើញថា មិនមែនខ្លួន ក្នុងរបស់ដែលមិនមែនខ្លួន បានឃើញរបស់ ដែលមិនល្អ ថា មិនល្អ (ជនទាំងនោះ) ជាអ្នកសមាទាន នូវសម្មាទិដ្ឋិ បានរួចចាកទុក្ខទាំងពួង។
[៥១] ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យ សៅហ្មងដោយឧបក្កិលេសទាំងឡាយណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយនេះ មាន ៤ យ៉ាង។ ឧបក្កិលេស ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យ សៅហ្មង ព្រោះឧបក្កិលេសណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយនោះ គឺ ពពក ១។