ភិក្ខុនោះ ក៏ដោះស្រាយ តាមដែលខ្លួនធ្លាប់យល់ តាមដែលខ្លួនធ្លាប់ដឹងមក ចំពោះភិក្ខុនោះថា ម្នាលអាវុសោ សង្ខារទាំងឡាយ គេត្រូវឃើញយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវពិចារណាយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់យ៉ាងនេះ ឯភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវ ចេតោសមថៈ ខាងក្នុងសន្តាន ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីចូលទៅរកបុគ្គល ដែលបាននូវចេតោសមថៈ ខាងក្នុងសន្តាន ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ ចិត្ត គេត្រូវដម្កល់ ដូចម្តេច ចិត្ត គេត្រូវពត់ដូចម្តេច ចិត្ត គេត្រូវធ្វើឲ្យមានអារម្មណ៍ខ្ពស់ឯកដូចម្តេច ចិត្ត គេត្រូវតាំងឲ្យនឹងធឹង ដូចម្តេច។ ភិក្ខុនោះ ក៏ដោះស្រាយ តាមដែល ខ្លួនធ្លាប់យល់ តាមដែលខ្លួនធ្លាប់ដឹងមក ចំពោះភិក្ខុនោះថា ម្នាលអាវុសោ ចិត្តគេត្រូវដម្កល់យ៉ាងនេះ ចិត្ត គេត្រូវពត់យ៉ាងនេះ ចិត្តគេត្រូវធ្វើឲ្យមានអារម្មណ៍ខ្ពស់ឯកយ៉ាងនេះ ចិត្តគេត្រូវតាំងឲ្យនឹងធឹង យ៉ាងនេះ ឯភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាននូវអធិប្បញ្ញាធម្មវិបស្សនាផង