រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆាន កំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា ក៏ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិព្វាន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះសេចក្តីប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានដល់ទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ សម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងទុតិយជ្ឈាននោះ ស្រឡាញ់ទុតិយជ្ឈាននោះ ដល់នូវសេចក្តីត្រេកអរ ដោយទុតិយជ្ឈាននោះ ឋិតនៅក្នុងទុតិយជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងទុតិយជ្ឈាននោះ ជាអ្នកនៅដោយច្រើន ក្នុងទុតិយជ្ឈាននោះ មិនបានសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ រមែងទៅកើតជាមួយនឹងពួកទេវតា ជាន់អាភស្សរៈ។