[១៣៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនគោរពក្នុងសីល មិនយកសីលជាធំ មិនគោរពក្នុងសមាធិ មិនយកសមាធិជាធំ មិនគោរពក្នុងបញ្ញា មិនយកបញ្ញាជាធំ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរពក្នុងសីល យកសីលជាធំ តែមិនគោរពក្នុងសមាធិ មិនយកសមាធិជាធំ មិនគោរពក្នុងបញ្ញា មិនយកបញ្ញាជាធំ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរពក្នុងសីល យកសីលជាធំ គោរពក្នុងសមាធិ យកសមាធិជាធំ តែមិនគោរពក្នុង បញ្ញា មិនយកបញ្ញាជាធំ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរពក្នុងសីល យកសីលជាធំ គោរពក្នុងសមាធិ យកសមាធិជាធំ គោរពក្នុងបញ្ញា យកបញ្ញាជាធំ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។