មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរៀននូវធម៌ ក៏មានឧបមេយ្យ ដូច្នោះដែរ។បេ។ ជាអ្នកដល់នូវគុណវិសេសឆាប់រហ័ស ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី២ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរៀននូវធម៌គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀករឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ។ ភិក្ខុនោះ ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកនៃធម៌ទាំងឡាយ មិនបា្រកដច្បាស់ ដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះឡើយ ទាំងមិនមែនជាភិក្ខុមានឫទ្ធិ ដល់នូវសេចក្ដីស្ទាត់ជំនាញខាងផ្លូវចិត្ត ហើយសំដែងធម៌ ដល់ទេវបរិសទ្យបានឡើយ។ គ្រាន់តែថា ទេវបុត្ត អាចសំដែងធម៌ ដល់ទេវបរិសទ្យបានប៉ុណ្ណោះ។ ទេវបុត្តនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា អាត្មាអញ បានប្រព្រឹត្តព្រហ្មចរិយៈអំពីមុន ក្នុងធម៌វិន័យណា នេះគឺធម្មវិន័យនោះឯង។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសតិ ឈ្មោះថា យឺតយូរ សត្វនោះ ដល់នូវគុណវិសេស ឆាប់រហ័សជាងសតិនោះ។