ហើយសំដែងធម៌ ដល់ទេវបរិសទ្យ ទាំងមិនមែនជាទេវបុត្ត អាចសំដែងធម៌ ដល់ទេវបរិសទ្យបានទេ តែបើមានឱបបាតិកសត្វ រំលឹកនូវឱបបាតិកសត្វថា ម្នាលគ្នាយើង ពួកយើងបានប្រព្រឹត្តព្រហ្មចរិយៈអំពីមុន ក្នុងធម្មវិន័យណា អ្នករលឹកបាន នូវធម្មវិន័យនោះដែរឬ។ ទេវបុត្តនោះ ក៏និយាយយ៉ាងនេះថា ម្នាលគ្នាយើង យើងរលឹកបាន ម្នាលគ្នាយើង យើងរលឹកបាន។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសតិ ឈ្មោះថា យឺតយូរ សត្វនោះ ដល់នូវគុណវិសេស ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចសំឡាញ់ពីរនាក់ លេងអាចម៍ដីជាមួយគ្នា សំឡាញ់ទាំងពីរនាក់នោះ មកជួបគ្នា ក្នុងទីណាម្ដងៗ សំឡាញ់ម្នាក់ ក៏និយាយទៅនឹងសំឡាញ់ម្នាក់នោះ យ៉ាងនេះថា នែសំឡាញ់ ឯងរលឹកបាននូវហេតុនេះដែរឬទេ។ សំឡាញ់នោះ គប្បីតបយ៉ាងនេះថា នែសំឡាញ់ អញរលឹកបាន នែសំឡាញ់ អញរលឹកបាន មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរៀននូវធម៌ ក៏មានឧបមេយ្យ ដូច្នោះដែរ។បេ។ ជាអ្នកដល់នូវគុណវិសេសឆាប់រហ័ស។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី៤ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។