កាលអ្នកបន្ទោបង់ កំចាត់បង់នូវលោភៈបានហើយ នឹងមិនធ្វើកម្ម ដែលកើតអំពីលោភៈ ដោយកាយ វាចា ចិត្តឡើយ ចូរអ្នកបន្ទោបង់ កំចាត់បង់នូវទោសៈ ហើយសម្រេចសម្រាន្តនៅ កាលអ្នកបន្ទោបង់ កំចាត់បង់នូវទោសហើយ នឹងមិនធ្វើកម្ម ដែលកើតអំពីទោសៈ ដោយកាយ វាចា ចិត្តឡើយ ចូរអ្នកបន្ទោបង់ កំចាត់បង់នូវមោហៈ ហើយសម្រេចសម្រាន្តនៅ កាលបើអ្នកបន្ទោបង់ កំចាត់បង់នូវមោហៈហើយ នឹងមិនធ្វើកម្ម ដែលកើតអំពីមោហៈ ដោយកាយ វាចា ចិត្តឡើយ អ្នកចូរបន្ទោបង់ កំចាត់បង់នូវសេចក្ដីប្រណាំងប្រជែង ហើយសម្រេចសម្រាន្តនៅ កាលអ្នកបន្ទោបង់ កំចាត់បង់នូវសេចក្ដីប្រណាំងប្រជែងហើយ នឹងមិនធ្វើកម្ម ដែលកើតអំពីសេចក្ដីប្រណាំងប្រជែង ដោយកាយ វាចា ចិត្តឡើយ។ កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ស្ដេចភទ្ទិយលិច្ឆវី ក្រាបទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះទៅ។ ម្នាលភទ្ទិយៈ តថាគតបានពោលយ៉ាងនេះ ដល់អ្នកថា ម្នាលភទ្ទិយៈ អ្នកចូរចូលមក អ្នកចូរជាសាវករបស់ តថាគតចុះ តថាគតនឹងជាគ្រូរបស់អ្នក ដូច្នេះខ្លះដែរឬ។