ម្នាលវប្បៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អាសវៈទាំងឡាយឯណា ដែលប្រកបដោយទុក្ខ ក្តៅក្រហាយ រមែងកើតឡើង ព្រោះវចីកម្មជាបច្ច័យ អាសវៈ ដែលប្រកបដោយទុក្ខ ក្ដៅក្រហាយទាំងនោះ រមែងមិនមានដល់បុគ្គល ដែលវៀរចាកវចីកម្ម យ៉ាងនេះឡើយ បុគ្គលនោះ មិនធ្វើនូវកម្មថ្មីផង នូវកម្មចាស់ផង លុះពាល់ត្រូវ (នូវកម្ម) ហើយ រមែងធ្វើឲ្យអស់ទៅ ដោយបដិបទា ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ជាបដិបទាគ្មានជរា ឲ្យផលមិនរង់ចាំកាល គួរហៅឲ្យអ្នកផងចូលមកមើលបាន គួរបង្អោនទុកក្នុងខ្លួន ដែលអ្នកបា្រជ្ញទាំងឡាយ គប្បីដឹងច្បាស់ចំពោះខ្លួន។ អាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់ នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នកឃើញនូវហេតុនោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលវប្បៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អាសវៈទាំងឡាយឯណា ដែលប្រកបដោយទុក្ខ ក្ដៅក្រហាយ រមែងកើតឡើង ព្រោះមនោកម្មជាបច្ច័យ អាសវៈទាំងឡាយ ប្រកបដោយទុក្ខ ក្ដៅក្រហាយទាំងនោះ តែងមិនមានដល់បុគ្គល ដែលវៀរចាកមនោកម្ម យ៉ាងនេះឡើយ បុគ្គលនោះ ក៏មិនធ្វើកម្ម ថ្មីផង កម្មចាស់ផង លុះពាល់ត្រូវ (នូវកម្ម) ហើយ រមែងធ្វើឲ្យអស់ទៅ