ខ្ញុំព្រះអង្គនោះ ក៏មិនបានទទួលសេចក្ដីចំរើន ថែមទាំងបានតែសេចក្ដីលំបាក សេចក្ដីព្រួយលើសឡើងទៅទៀត ក៏មានឧបមេយ្យដូច្នោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចាប់តាំងអំពីថ្ងៃនេះ ជាដើមទៅ សេចក្ដីជ្រះថា្ល របស់ខ្ញុំព្រះអង្គឯណា ក្នុងពួកនិគ្រន្ថពាល ខ្ញុំព្រះអង្គ នឹងជះចោលសេចក្ដីជ្រះថា្លនោះ ទៅតាមខ្យល់ដ៏ខ្លាំង ឬនឹងបណ្ដែតសេចក្ដី ជ្រះថ្លានោះ ទៅតាមខ្សែទឹក ដែលហូរខ្លាំងក្នុងទន្លេ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលផ្ងារ របស់ដែលផ្កាប់ ឬបើកបង្ហាញ របស់ដែលកំបាំង ឬបា្រប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះ ដូចបុគ្គលទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសមានភ្នែកភ្លឺ នឹងមើលឃើញនូវរូបទាំងឡាយបាន យ៉ាងណា ធម៌ដែល ព្រះដ៏មានព្រះភាគ ទ្រង់សំដែង ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គ សូមដល់ព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។