មានមនោសមាចារមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរដើម្បីញាណទស្សនៈ ដើម្បី ត្រាស់ដឹង (នូវអរហត្ត) ដ៏ប្រសើរបានឡើយ។ ម្នាលសាឡ្ហៈ ប្រៀបដូចបុរសបា្រថ្នានឹងឆ្លងនូវទន្លេ ក៏កាន់ដឹងដ៏មុត ដើរចូលទៅកាន់ព្រៃ បុរសនោះ បានឃើញដើមសាលព្រឹក្ស មួយដើមដ៏ធំ មានដើមត្រង់សាវ មិនមានសេចក្ដីរង្កៀស (មិនវៀចក្ងិកក្ងក់) ក្នុងព្រៃនោះ ហើយ ក៏កាត់នូវដើមសាលព្រឹក្សនោះ ត្រង់គល់ លុះកាត់គល់ហើយ ក៏កាត់ចុង លុះកាត់ចុងហើយ ក៏លួសមែក និងស្លឹកឲ្យស្អាតល្អ លុះលួសមែក និងស្លឹកឲ្យស្អាតល្អហើយ ក៏ចាំងដោយដឹងទាំងឡាយ លុះចាំងដោយដឹងរួចហើយ ក៏ច្រាស់ដោយកាំបិត លុះច្រាស់ដោយកាំបិតរួចហើយ ក៏លាក់ដោយគ្រឿងលាក់ លុះលាក់ដោយគ្រឿងលាក់រួចហើយ ក៏ដុសដោយដុំថ្ម លុះដុសដោយដុំថ្មហើយ ក៏បណ្ដែតទៅក្នុងទន្លេ។ ម្នាលសាឡ្ហៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច បុរសនោះ អាចឆ្លងទន្លេរួចឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនអាចឆ្លងបានទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ដើមសាលព្រឹក្សឯណោះ គេធ្វើបរិកម្មល្អ តែខាងក្រៅ ខាងក្នុងមិនស្អាតទេ។