បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានព៌ណសម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់មើលណាស់ផង តែជាអ្នកស្តុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានស័ក្ដិធំ។ បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ មានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទីជ្រះថា្លផង ជាអ្នកប្រកបដោយព៌ណសម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង តែជាអ្នកកំសត់ មានទ្រព្យតិច មានភោគៈតិច មានស័ក្ដិតូច។ បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទីជ្រះថា្លផង ប្រកបដោយព៌ណសម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង ជាអ្នកស្ដុកស្ដម្ភផង មានទ្រព្យច្រើនផង មានភោគៈច្រើនផង មានស័ក្ដិធំផង។ ម្នាលនាងមល្លិកា មាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនក្រោធ មានសេចក្ដីចង្អៀតចង្អល់ច្រើន ទុកជាគេនិយាយបន្ដិចបន្ដួច ក៏ចងចិត្ត ខឹងព្យាបាទ រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនត្រេកអរឲ្យបា្រកដឡើង។