សេចក្ដីស្រឡាញ់ ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីស្រឡាញ់នោះ ភិក្ខុនោះ ក៏បានលះបង់ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យសល់នៅតែទីកើត ដូចជាទីកើត នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព លែងមានកំណើតតទៅទៀត ជាធម្មតា សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីប្រទុស្ដនោះ ភិក្ខុនោះ ក៏បានលះបង់ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យសល់នៅតែទីកើត ដូចជាទីកើតនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព លែងមានកំណើតតទៅទៀតជាធម្មតា សេចក្ដីស្រឡាញ់ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីស្រឡាញ់នោះ ភិក្ខុនោះ ក៏បានលះបង់ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យសល់នៅតែទីកើត ដូចជាទីកើតនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព លែងមានកំណើតតទៅទៀតជាធម្មតា សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីប្រទុស្ដនោះ ភិក្ខុនោះ ក៏លះបង់ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យសល់នៅតែទីកើត ដូចជាទីកើតនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព លែងមានកំណើតតទៅ ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគត ហៅថា មិនរលោរលាំ មិនតបត មិនរបិញរបុញ មិនឆុរឆេះ មិនសុបសៅ។