[៦០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបុគ្គលមានធម៌អាក្រក់ផង នូវបុគ្គលមានធម៌អាក្រក់ ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ផង នូវបុគ្គលមានធម៌ល្អផង នូវបុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្ដាប់នូវពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌អាក្រក់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញខុស។បេ។ មានញាណខុស មានការរួចខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌អាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌អាក្រក់ ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញខុសផង។បេ។ មានញាណខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងញាណខុសផង មានការរួចខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការរួចខុសផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌អាក្រក់ ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌ល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ។បេ។ មានញាណត្រូវ មានការរួចត្រូវ។