ម្នាលភិក្ខុទាំងឡាយ កម្មស មានវិបាកស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មទាំងខ្មៅទាំងស មានវិបាកទាំងខ្មៅទាំងស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មខ្មៅ មានវិបាកខ្មៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ ប្រកបដោយទោស តាក់តែងវចីសង្ខារ ប្រកបដោយទោស តាក់តែងមនោសង្ខារ ប្រកបដោយទោស លុះបុគ្គលនោះ តាក់តែងកាយសង្ខារ ប្រកបដោយទោស តាក់តែងវចីសង្ខារ ប្រកបដោយទោស តាក់តែងមនោសង្ខារ ប្រកបដោយទោសហើយ រមែងចូលទៅកាន់លោក ដែលប្រកបដោយទុក្ខ។ ផស្សៈទាំងឡាយ ប្រកបដោយទុក្ខ រមែងពាល់ត្រូវនូវបុគ្គលនោះ ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខ។ បុគ្គលនោះ កាលផស្សៈទាំងឡាយ ប្រកបដោយទុក្ខ ពាល់ត្រូវហើយ រមែងរងវេទនាប្រកបដោយទុក្ខ មានសេចក្ដីលំបាកដោយពិត ដូចពួកសត្វ ដែលកើតក្នុងនរក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មខ្មៅ មានវិបាកខ្មៅ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មស មានវិបាកស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ