ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះអស់សំយោជនៈ ៣ ជាសោតាបន្នបុគ្គល មានកិរិយាមិនធា្លក់ចុះជាធម្មតា ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី១។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី២ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះអស់សំយោជនៈ ៣ មានរាគៈ ទោសៈ មោហៈស្រាលស្ដើង ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្ដងទៀត ហើយទើបធ្វើនូវទីបំផុតនៃទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី២។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះអស់ឱរម្ភាគិយសំយោជនៈ ៥ ជាឱបបាតិកកំណើត បរិនិព្វានក្នុងទីនោះ មិនបានវិលត្រឡប់ចាកលោកនោះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី៣។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ