ម្នាលភិក្ខុទាំងឡាយ ចុះ​ដំណេក​ព្រះតថាគត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ​ ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេក​ព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ នេះដំណេក ៤ ប្រការ។
 [៩៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរបញ្ចុះទុកក្នុងថូបៈនេះ មាន៤ពួក។ បុគ្គល ៤ពួក ដូចម្តេចខ្លះ។ គឺព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ គួរបញ្ចុះក្នុងថូបៈ ១ ព្រះ​បច្ចេកពុទ្ធ គួរបញ្ចុះក្នុងថូបៈ ១ សាវករបស់ព្រះតថាគត គួរបញ្ចុះក្នុងថូបៈ ១ ស្តេច​ចក្រពត្តិ គួរបញ្ចុះក្នុងថូបៈ ១។​ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ពួកនេះ គួរបញ្ចុះ​ទុក​ក្នុង​ថូបៈ ។
 [៩៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺការសេពគប់សប្បុរស ១ ការស្តាប់ធម៌របស់​សប្បុរស ១ យកចិត្តទុក​ដាក់ដោយឧបាយ ១ ប្រតិបត្តិធម៌ ដ៏សមគួរតាមធម៌ ១។ ម្នាលភិក្ខុទំាងឡាយ នេះធម៌ ៤ប្រការ រមែង​ប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា។
ថយ | ទំព័រទី ២៦២ | បន្ទាប់