បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ សូមព្រះសុគតសំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ធ្វើម្ដេចហ្ន៎ ខ្ញុំព្រះអង្គ គប្បីដឹងសេចក្ដី នៃភាសិតរបស់ព្រះដ៏មានព្រះភាគបាន ធ្វើម្ដេចហ្ន៎ ខ្ញុំព្រះអង្គ គប្បីបានទទួលមត៌កនៃភាសិត របស់ព្រះដ៏មានព្រះភាគបាន។ ម្នាលមាលុង្ក្យបុត្រ តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើង ក្នុងវត្ថុណា ការកើតនៃតណ្ហា (ក្នុងវត្ថុនោះ) មាន៤ប្រការ។ តណ្ហា ៤ប្រការ ដូចម្ដេចខ្លះ។ ម្នាលមាលុង្ក្យបុត្រ តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើងព្រោះហេតុចីវរ ១ ម្នាលមាលុង្ក្យបុត្រ តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើងព្រោះហេតុបិណ្ឌបាត ១ ម្នាលមាលុង្ក្យបុត្រ តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើងព្រោះហេតុសេនាសនៈ ១ ម្នាលមាលុង្ក្យបុត្រ តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើង ព្រោះហេតុភពតូច និងភពធំ ដូច្នេះ ១។ ម្នាលមាលុង្ក្យបុត្រ នេះជាតណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើង ក្នុងវត្ថុណា ការកើតនៃតណ្ហា (ក្នុងវត្ថុនោះ) មាន៤យ៉ាង។ ម្នាលមាលុង្ក្យបុត្រ កាលតណ្ហា ដែលភិក្ខុបានលះបង់ បានផ្ដាច់ផ្ដិលឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ធ្វើមិនឲ្យកើតតទៅទៀតជាធម្មតា។