ម្នាលមាលុង្ក្យបុត្រ ភិក្ខុនេះហៅថា បានផ្តាច់តណ្ហា បានរលាស់ចោលសញ្ញោជនៈ ធ្វើនូវទីបំផុតទុក្ខបាន ព្រោះលះមានះបានដោយប្រពៃ។ លំដាប់នោះ មាលុង្ក្យបុត្រដ៏មានអាយុ បានទទួលពុទ្ធឱវាទនេះ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចេញទៅ។ តមក មាលុង្ក្យបុត្រដ៏មានអាយុ តែម្នាក់ឯង ចេញចាកពួក មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងកំចាត់បង់កិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្រ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ មានព្រហ្មចរិយៈជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច បានធ្វើស្រេចហើយ កិច្ចដទៃដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ មាលុង្ក្យបុត្រដ៏មានអាយុ បានជាព្រះអរហន្តមួយអង្គដែរ។