អាបត្តិភយវគ្គ ទី៥
[៩៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថា្វយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់សួរថា ម្នាលអានន្ទ អធិករណ៍នោះ បានរម្ងាប់ហើយឬ។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន អធិករណ៍នោះ នឹងរម្ងាប់អំពីណាបាន បពិត្រព្រះអង្គដ៏ចំរើន សទ្ធិវិហារិករបស់អនុរុទ្ធ ដ៏មានអាយុ ឈ្មោះវាហិយៈ នៅតែទទូចដើម្បីបំបែកសង្ឃឥតឈប់ឈរ ក្នុងរឿងនោះ ព្រះអនុរុទ្ធដ៏មានអាយុ ក៏មិនឃើញមានស្ដីថាអ្វី សូមី្បតែ ១ម៉ាត់ក៏គ្មាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ចុះអនុរុទ្ធធ្លាប់ចូលគំនិត ក្នុងអធិករណ៍ នាកណ្ដាលសង្ឃ ពីកាលណាមក ម្នាលអានន្ទ អធិករណ៍ទាំងឡាយណាមួយ កើតឡើង អធិករណ៍ទាំងនោះ គួរតែអ្នកទាំងឡាយផង សារីបុត្ត និងមោគ្គល្លានផង រម្ងាប់ មិនមែនទេឬ។ ម្នាលអានន្ទ ភិក្ខុបាប កាលបើឃើញច្បាស់ នូវអំណាចប្រយោជន៍ ៤យ៉ាងនេះ រមែងត្រេកអរ ដោយការបំបែកសង្ឃ។ អំណាចប្រយោជន៍ ៤យ៉ាង ដូចម្ដេចខ្លះ។