ពួកសូត្រដែលមិនសង្រ្គោះដោយបណ្ណាសក
[១២៤] ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ប្រការ គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៤ប្រការ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណារឿយៗ នូវកាយក្នុងកាយ ជាបុគ្គលមានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្ដីដឹងល្អ មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណារឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ... ពិចារណារឿយៗ នូវចិត្តក្នុងចិត្តទាំងឡាយ ... ពិចារណារឿយ ៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាបុគ្គលមានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្ដីដឹងល្អ មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤នេះ គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ប្រការ គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៤ប្រការ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ដម្កល់ចិត្ត ដើម្បីបិទអកុសលធម៌ទាំងឡាយដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយ... ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលមិនទាន់កើត ឲ្យកើតឡើង ...