[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ព្រះរាជាបសេនទិកោសល ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីដ៏សមគួរ។ ក៏ក្នុងសម័យនោះ ព្រះនាងមល្លិកាទេវី ទើបនឹងទិវង្គតទៅ។ លំដាប់នោះ មានបុរសមួយនាក់ ចូលទៅគាល់ព្រះរាជាបសេនទិកោសល លុះចូលទៅដល់ហើយ ក្រាបទូលជិតព្រះកាណ៌ នៃព្រះរាជាបសេនទិកោសលថា បពិត្រព្រះសម្មតិទេព ព្រះនាងមល្លិកាទេវី ទិវង្គតទៅហើយ។ កាលរាជបុរស ក្រាបទូលដូច្នេះហើយ ព្រះរាជាបសេនទិកោសល មានទុក្ខទោមនស្ស មានព្រះសុរងឱនចុះ មានព្រះភក្រ្តជ្រប់ គង់សញ្ជប់សញ្ជឹង មិនមានបដិភាណ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ព្រះរាជាបសេនទិកោសល ទ្រង់មានទុក្ខទោមនស្ស មានព្រះសុរងឱនចុះ មានព្រះភក្រ្តជ្រប់ សញ្ជប់សញ្ជឹង មិនមានបដិភាណ ហើយបានត្រាស់នឹងព្រះរាជាបសេនទិកោសល យ៉ាងនេះថា