ដ្បិតថា បុគ្គលប្រាកដដូចជាយើង មិនសមបើនឹងចូលទៅរកសមណព្រាហ្មណ៍ នៅក្នុងដែន ដែលមិនទាន់បានផ្តៀងជាមុនទេ។ សោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ ទទួលព្រះរាជឱង្ការព្រះរាជាមុណ្ឌៈថា ព្រះករុណា ថ្លៃវិសេស ហើយចូលទៅរកព្រះនារទៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះនារទៈដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះសោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលព្រះនារទៈដ៏មានអាយុ យ៉ាងនេះថា បពិត្រព្រះករុណាដ៏ចំរើន ព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ ពេញព្រះទ័យ របស់ព្រះរាជាមុណ្ឌៈនេះ ទិវង្គតទៅហើយ។ កាលព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ ពេញព្រះទ័យ ទិវង្គតទៅហើយ ព្រះរាជានោះ ទ្រង់មិនស្រង់ទឹក មិនប្រោះព្រំ មិនសោយក្រយាស្ងោយ មិនប្រកបការងារ ទ្រង់ជ្រប់ព្រះទ័យ តែក្នុងសរីរៈព្រះនាងភទ្ទាទេវី ទាំងយប់ទាំងថ្ងៃ។ បពិត្រព្រះករុណាដ៏ចំរើន សូមព្រះនារទៈដ៏មានអាយុ មេត្តាសំដែងធម៌ ដល់ព្រះរាជាមុណ្ឌៈឲ្យទាន ឲ្យព្រះរាជាមុណ្ឌៈ ទ្រង់ព្រះសណ្តាប់ធម៌ នៃព្រះនារទៈដ៏មានអាយុ ហើយលះបង់នូវសរ គឺសោកបាន។