ម្នាលមហានាម ធម៌ទាំងឡាយ ៥ យ៉ាង មានដល់កុលបុត្តណានីមួយ ទោះជាព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយក្តី ទោះជាអ្នកបរិភោគនូវដែនក្តី បរិភោគនូវសម្បត្តិ ដែលបិតាឲ្យក្តី ទោះជាសេនាបតី នៃសេនាក្តី ទោះជាម្ចាស់នៃស្រុកក្តី ទោះជាធំជាងពួកក្តី មួយទៀត ពួកជនណា ឲ្យគេធ្វើនូវភាព នៃខ្លួនជាធំដោយឡែក ក្នុងត្រកូលទាំងឡាយ សេចក្តីចំរើន មានប្រាកដដល់ (ជនទាំងឡាយនោះ) មិនបានសាបសូន្យឡើយ។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលមហានាម កុលបុត្តក្នុងលោកនេះ ធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជាមាតាបិតាដោយភោគៈ ដែលបានដោយការសង្វាត ប្រឹងប្រែង ដែលសន្សំមក ដោយកម្លាំងដៃ បែកញើស ហូរញើស ប្រកបដោយធម៌ បានមកដោយធម៌ ១។ មាតាបិតា ដែលកុលបុត្តបានធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជាហើយ រមែងអនុគ្រោះកុលបុត្តនោះ ដោយចិត្តដ៏ល្អថា ចូរអ្នករស់នៅ អស់កាលយូរ ចូររក្សាអាយុឲ្យបានវែង។ ម្នាលមហានាម កាលបើកុលបុត្ត ដែលមាតាបិតា អនុគ្រោះហើយ រមែងមានតែសេចក្តីចំរើនប្រាកដ មិនបានសាបសូន្យ ឡើយ។