បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដកឡើងនូវសសរ គឺតណ្ហា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបើកនូវសន្ទះទ្វារ គឺនីវរណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់ នូវសំយោជនៈ ដែលជាចំណែកខាងក្រោម ៥ ចោលចេញហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបើកនូវសន្ទះទ្វារ គឺនីវរណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកប្រាសចាកសត្រូវ ដាក់ចុះនូវទង់ គឺមានះ ទំលាក់នូវភារៈ ប្រាសចាកវដ្ដៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវអស្មិមានះ ចោលចេញអស់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើង តទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រាសចាកសត្រូវ ដាក់ចុះនូវទង់ គឺមានះ ទំលាក់នូវភារៈ ប្រាសចាកវដ្ដៈ យ៉ាងនេះឯង។