[៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា ជាអ្នកប្រតិបត្តិ មិនបានជាគុណ ដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនជាប្រយោជន៍ ដល់ជនច្រើន មិនជាគុណ ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុជាថេរៈ ដឹងរាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេច នូវរបស់ដែលឮហើយ។បេ។ ចាក់ធ្លុះល្អ ដោយប្រាជ្ញា ១ តែជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់ដ៏វិបរិត ១ ភិក្ខុនោះ ញ៉ាំងជនច្រើន ឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យដម្កល់នៅក្នុងអស្សទ្ធម្ម ភិក្ខុដទៃដល់នូវទិដ្ឋានុគតិ(១) របស់ភិក្ខុនោះថា ភិក្ខុនោះ ជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ច្រើន ជាអ្នកមានយស មានបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា
(១) យកតម្រាប់តាម។