ម្នាលភិក្ខុទាំងឡាយ មួយទៀត បច្ចវេក្ខណនិមិត្ត ភិក្ខុបានរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចងចាំដោយល្អ យល់ច្បាស់ដោយល្អ ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ ដូចជាមនុស្សដទៃ សំឡឹងមើលបុគ្គលដទៃ ឬអ្នកឈរ សំឡឹងមើលអ្នកអង្គុយ ឬក៏អ្នកអង្គុយ សំឡឹងមើលអ្នកដេក យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បច្ចវេក្ខណនិមិត្ត ភិក្ខុបានរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចងចាំដោយល្អ យល់ច្បាស់ដោយល្អ ដោយបញ្ញា ក៏យ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ នេះជាវិធីចំរើនសម្មាសមាធិ ដ៏ប្រសើរ ប្រកបដោយ អង្គ ៥ ទី៥។ ម្នាលភិក្ខុទាំងឡាយ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ដែលភិក្ខុចំរើនហើយយ៉ាងនេះ ធ្វើឲ្យច្រើនហើយយ៉ាងនេះ ភិក្ខុបង្អោនចិត្ត ទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា ម្នាលភិក្ខុទាំងឡាយ ដូចជាពាងទឹក ដែលពេញដោយទឹក ពេញស្មើ (នឹងមាត់) ល្មមសត្វក្អែកឱនផឹកបាន ដែលគេដំកល់ទុកលើជើងទ្រ បុរសដែលមានកម្លាំង លើករំកិលពាងទឹកនោះ ទៅក្នុងទីណាៗ តើទឹកគប្បីដោយតាមមកបានដែរឬ។