បពិត្រព្រះអង្គដ៏ចំរើន ត្រង់ដែលព្រះដ៏មានព្រះភាគ បានត្រាស់នឹងខ្ញុំព្រះអង្គ យ៉ាងនេះរួចហើយថា ម្នាលសីហៈ ទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ ខ្ញុំព្រះអង្គ មិនដឹងហេតុនុ៎ះមែន ក៏ប៉ុន្តែថា ខ្ញុំព្រះអង្គ ចេះតែជឿព្រះដ៏មានព្រះភាគ ក្នុងផលទាននោះ។ ម្នាលសីហៈ រឿងនុ៎ះពិតមែន ម្នាលសីហៈ រឿងនុ៎ះពិតមែន ម្នាលសីហៈ ទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។
នរជន មិនមានសេចក្តីកំណាញ់ ជាអ្នកឲ្យទាន ជាទីស្រឡាញ់ (របស់ជនដ៏ច្រើន) ផង ពួកសប្បុរសជាច្រើន តែងរាប់រកទាយកនោះផង (ទាយកនោះ) ដល់នូវកិត្តិស័ព្ទផង យសរមែងចំរើន ដល់ទាយកនោះផង ទាយកនោះ ចូលទៅកាន់បរិសទ្យ មិនមានសេចក្តីអៀនខ្មាស មានតែសេចក្តីក្លៀវក្លាផង ហេតុដូច្នោះ បណ្ឌិតទាំងឡាយ អ្នកស្វែងរកសេចក្តីសុខ ត្រូវលះបង់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទានទាំងឡាយ បណ្ឌិតទាំងនោះ ស្ថិតនៅក្នុងស្ថានត្រៃត្រឹង្ស អស់កាលយូរអង្វែង