ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសីល កាលបើពោលអំពីសីល រមែងមិនរអាក់រអួល មិនកម្រើកញាប់ញ័រ មិនឃ្នាន់ខ្នាញ់ មិនធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាបុគ្គលមានសីលនោះ ឃើញច្បាស់នូវសីលសម្បទានោះក្នុងខ្លួន ព្រមទាំងបាននូវបីតិ និងបាមោជ្ជៈ ព្រោះសីលនោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីសីល របស់បុគ្គលមានសីល ទើបជាកថាល្អ។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីការចេះដឹងច្រើន របស់បុគ្គលចេះដឹងច្រើន ជាកថាល្អ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកចេះដឹងច្រើន កាលបើពោលអំពីការចេះដឹងច្រើន រមែងមិនរអាក់រអួល មិនកម្រើកញាប់ញ័រ មិនឃ្នាន់ខ្នាញ់ មិនធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលចេះដឹងច្រើននោះ ឃើញច្បាស់នូវសុតសម្បទានោះក្នុងខ្លួន ព្រមទាំងបាននូវបីតិ និងបាមោជ្ជៈ ព្រោះការចេះដឹងច្រើននោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីការចេះដឹងច្រើន របស់បុគ្គលចេះដឹងច្រើន ទើបជាកថាល្អ។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីការបរិច្ចាគទាន របស់បុគ្គលអ្នកបរិច្ចាគ ជាកថាល្អ តើដូចម្តេច។