ម្នាលអាវុសោឧបវានៈ ហេតុនេះ មិនជាអស្ចារ្យទេ ដែលព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីស្ងាត់ ក្នុងសាយណ្ហសម័យ ហើយត្រាស់ប្រារព្ធនូវហេតុនេះឯង ដូចជាទ្រង់ត្រាស់បំភ្លឺនូវព្រះឧបវានៈដ៏មានអាយុ ក្នុងហេតុនុ៎ះដែរ។ ឥឡូវនេះ សេចក្តីទោមនស្ស ក៏ច្រៀតចូល (ក្នុងចិត្ត) របស់យើងដែរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីស្ងាត់ ក្នុងសាយណ្ហសម័យ ហើយស្តេចយាងចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលទុកថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ស្រេចហើយ ក៏បានត្រាស់នឹងព្រះឧបវានៈដ៏មានអាយុយ៉ាងនេះថា ម្នាលឧបវានៈ ភិក្ខុជាថេរៈ ប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើបជាទីស្រលាញ់ ជាទីគាប់ចិត្ត គួរគោរព និងគួរសរសើរ របស់សព្រហ្មចារីទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាថេរៈ ប្រកបដោធម៌ ៥ យ៉ាង ទើបជាទីស្រឡាញ់ ជាទីគាប់ចិត្ត គួរគោរព នឹងគួរសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងសាសនានេះ ភិក្ខុជាថេរៈ ជាអ្នកមានសីល។បេ។ សិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកចេះដឹងច្រើន។ បេ។ ជាអ្នកចាក់ធ្លុះល្អដោយប្រាជ្ញា ១ ជាអ្នកមានវាចាដ៏ពីរោះ មានសំដីដ៏ផ្អែមល្ហែម ប្រកបដោយវាចាជារបស់អ្នកក្រុង