ព្រះសារីបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកណា ដែលមិនមានសទ្ធា ត្រូវការតែនឹងចិញ្ចឹមជីវិត ចេញចាកផ្ទះ ហើយចូលមកកាន់ផ្នួសដោយមិនមានសទ្ធា ជាអ្នកអួតអាង មានមាយា បោកប្រាស់ មានចិត្តរាយមាយ លើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស មិនគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបនូវការភ្ញាក់រលឹក មិនបានក្រឡេកមើល ក្នុងភាពនៃខ្លួនជាសមណៈ មិនមានសេចក្តីគោរព ដ៏ក្លៀវក្លាក្នុងសិក្ខា ជាអ្នកល្មោភ មានសេចក្តីព្យាយាម ក្នុងការប្រព្រឹត្តិធូរថយ ជាប្រធានខាងការប្រព្រឹត្តិជ្រោកជ្រាក ដាក់ចោលនូវធុរៈ ក្នុងវិវេក ខ្ជឹលច្រអូស មានព្យាយាមថោកថយ មានស្មារតីភ្លេចភ្លាំង មិនមានសម្បជញ្ញៈ មិនបានតាំងចិត្តមាំ មានចិត្តរវើរវាយ ជាមនុស្សអ័ប្បឥតប្រាជ្ញា ជាមនុស្សលលា បុគ្គលពួកនោះ កាលដែលខ្ញុំព្រះអង្គ ពោលយ៉ាងនេះ រមែងមិនទទួលយកដោយផ្ចិតផ្ចង់ឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ន័យមួយទៀត ពួកកុលបុត្តណា ដែលចេញចាកផ្ទះហើយ ចូលមកកាន់ផ្នួសដោយសទ្ធា ជាអ្នកមិនអួតអាង មិនមានមាយា មិនបោកប្រាស់ មិនមានចិត្តរាយមាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានសំដីផ្តេសផ្តាស គ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន