គប់រកស្ត្រីចណ្ឌាលខ្លះ គប់រកស្រ្តីនេសាទខ្លះ គប់រកស្ត្រី ដែលមានភ្នួងសក់ខ្លះ គប់រកស្រ្តីជាងរថខ្លះ គប់រកស្រ្តីដែលចោលសម្រាមខ្លះ គប់រកស្រី្តដែលមានគភ៌ខ្លះ គប់រកស្ត្រីដែលមានកូននៅបៅខ្លះ គប់រកស្ត្រីដែលមានរដូវខ្លះ គប់រកស្រ្តីដែលមិនមានរដូវខ្លះ។ នាងព្រាហ្មណីរបស់ព្រាហ្មណ៍នោះ ជាអ្នកមានប្រយោជន៍ដោយកាមខ្លះ មានប្រយោជន៍ដោយការលេងខ្លះ មានប្រយោជន៍ដោយសេចក្តីត្រេកអរខ្លះ នាងព្រាហ្មណីរបស់ព្រាហ្មណ៍ មានប្រយោជន៍ដោយបុត្រខ្លះ។ ព្រាហ្មណ៍នោះ រមែងចិញ្ចឹមជីវិត ដោយការងារទាំងពួង ពួកព្រាហ្មណ៍ក៏បាននិយាយនឹងព្រាហ្មណ៍នោះ យ៉ាងនេះថា ហេតុអ្វី បានជាព្រាហ្មណ៍ដ៏ចំរើន ប្តេជ្ញាចិញ្ចឹមជីវិត ដោយការងារទាំងពួង។ ព្រាហ្មណ៍នោះ បាននិយាយយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើនប្រៀបដូចភ្លើង រមែងឆេះរបស់ស្អាតខ្លះ ឆេះរបស់មិនស្អាតខ្លះ ភ្លើងក៏មិនបានប្រឡាក់ជាប់ដោយរបស់នោះទេ យ៉ាងណាមិញ ម្នាលអ្នកទាំងឡាយដ៏ចំរើន បើទុកជាព្រាហ្មណ៍ ចិញ្ចឹមជីវិតដោយអំពើទាំងពួង ព្រាហ្មណ៍ក៏មិនបានជាប់ប្រឡាក់ ដោយការងារទាំងពួងនោះ ព្រាហ្មណ៍តែងចិញ្ចឹមជីវិត ដោយការងារទាំងពួងដូច្នេះ ក៏យ៉ាងនោះដែរ ម្នាលទោណៈ ព្រោះហេតុនោះ បានជាហៅថា ព្រាហ្មណ៍ ជាព្រាហ្មណ៍ចណ្ឌាល